សន្និសីទសារព័ត៌មានស្តីពី ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៦

កាលពីវេលាព្រឹកថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាកតូយ៉ូតា បានប្រារព្ធនូវសន្និសីទសារព័ត៌មានស្ដីអំពីការមកដល់នៃ ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិកលើកទី២៩ ដែលត្រូវនឹងលើកទី៦ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០១៨នេះ។

 

 

មានប្រសាសន៍នៅក្នុងសន្និសីទ លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន បានបង្ហាញឲ្យដឹងថា នេះគឺពិតជាមោទនភាព និងកិត្ដិយសដ៏ឧដុង្គឧត្តម សម្រាប់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក្នុងការនាំមកជូននូវ តន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ដែលនឹងប្រារព្ធធ្វើឡើង ថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៦:៣០ នាទីល្ងាច នៅសាលសន្និសីទចតុមុខ ដើម្បីផ្ដល់ជូននូវផ្ទាំង ទស្សនីយភាពកម្សាន្តអារម្មណ៍ ក៏ដូចជាបម្រើដល់សកម្មភាពសប្បុរសធម៌ នៅក្នុងសង្គមផងដែរ។
លោកឧកញ៉ា បានមានប្រសាសន៍ឲ្យដឹងទៀតថា អ្វីដែលគួរឲ្យកត់សម្គាល់នាឆ្នាំនេះ គឺព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក នឹងនាំមកជូននូវ ក្រុមតន្ត្រីដ៏ល្បីល្បាញមួយមកពីទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស គឺក្រុម Orchestra of the Age of Enlightenment ក្រោមការដឹកនាំរបស់លោក Steven Devine។ ជាមួយគ្នានោះ យើងនឹងមានការសម្តែងជូន នូវសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃ គឺចាប៉ីដងវែង ពីសំណាក់ក្រុមតន្ត្រីបុរាណ និងតារាចម្រៀង កញ្ញា ចម្រើន សុភ័ក្រ្ត ដែលនឹងលើកឡើង បទចម្រៀងចំនួន ២បទ ដើម្បីឆ្លុះបញ្ចាំង ពីប្រទេសកម្ពុជា និង ប្រពៃណីរបស់យើង គឺបទ៖ ឱ! ផ្ទៃស្រុកខ្មែរ និងសារិកាកែវអើយ មកបំពេអារម្មណ៍ អ្នកទស្សនា។ បន្ថែមពីនេះ ក្រុមហ៊ុន តូយ៉ូតា ក៏បានផ្តួចផ្តើមនូវគម្រោងថ្មីមួយទៀត គឺ “Start Your Impossible” ដែលត្រូវបានដាក់ដំណើរការ ចាប់តាំងពីខែតុលា ឆ្នាំ២០១៧ ក្នុងគោលបំណង រួមចំណែកផ្លាស់ប្តូរ និងលើកស្ទួយជីវភាព រស់នៅរបស់មនុស្សជាតិ ឲ្យកាន់តែមានភាពងាយស្រួល។ ជាក់ស្តែង ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងរៀបចំឲ្យមាននូវ ការចែករំលែក ចំណេះដឹង និងបទពិសោធន៍តូរ្យតន្ត្រី របស់ក្រុម Orchestra of the Age of Enlightenment ដោយផ្ទាល់ ទៅកាន់សិស្សនិស្សិត នៃសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ក្នុងខែវិច្ឆិកាខាងមុខនេះ ដើម្បីឲ្យពួកគាត់ អាចមានឳកាសសម្តែង នៅលើឆាកអន្តរជាតិ នាពេលអនាគត។
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រារព្ធ តន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកដំបូង នៅឆ្នាំ២០១៣ ហើយគិតមកត្រឹមឆ្នាំ២០១៧ កន្លងទៅនេះ ថវិកាសប្បុរសធម៌ ដែលប្រមូលបានពីការលក់សំបុត្រ និងការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន មានចំនួនស្មើនឹង ១៦៦,២០១ ដុល្លាសហរដ្ឋអាមេរិច។ ការប្រគំតន្ត្រី តូយ៉ូតា ក្លាស៊ិក នាឆ្នាំនេះ នឹងមានការចូលរួមសម្ដែង ពីបណ្ដាប្រទេសចំនួន ៧ ក្នុងតំបន់អាស៊ីដូចជា៖ ប្រទេសប្រ៊ុយណេ ថៃ ឡាវ កម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី និង ប្រទេសវៀតណាម។ ចំពោះរាល់ថវិកា ដែលទទួលបានពីការលក់សំបុត្រ ក្នុងការប្រគំតន្ត្រីក្នុងឆ្នាំនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងបរិច្ចាគ ជាមូលនិធិសប្បុរសធម៌ ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា។ ចំណែក ថវិកាមួយចំណែកទៀត នឹងបរិច្ចាគជូនដល់ មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប ដែលជាមន្ទីរពេទ្យសប្បុរសធម៌ មិនត្រឹមតែទទួលព្យាបាលកុមារ រាប់រយនាក់ជារៀងរាល់ថ្ងៃ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមន្ទីរពេទ្យ ដែលផ្តល់នូវ ការបណ្តុះ បណ្តាល និងសេវាអប់រំ លើតំហែទាំសុខភាពជូនដល់អ្នកជំងឺ អាណាព្យាបាល និងសហគមន៍ ទាំងមូលផងដែរ។

 

 

ស្របពេលជាមួយគ្នានេះដែរ កញ្ញា ចម្រើន សុភ័ក្រ្ត ដែលជាអ្នកចម្រៀង ផ្នែកបុរាណ និងសម័យ បានមានប្រសាសន៍ ដែរថា កញ្ញាពិតជាមានសេចក្តីរំភើប និងរីករាយយ៉ាងខ្លាំង ដែលត្រូវបានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តល់កិត្តិយស អញ្ជើញក្នុងនាមជាសិល្បការិនីកម្ពុជា ដើម្បីឱ្យចូលរួមសម្តែងជាមួយក្រុមតន្រ្តី ដ៏ល្បីមកពីទីក្រុងឡុងដ៍ នាខែវិចិ្ឆកា ខាងមុខនេះ។ កញ្ញា បានបន្តទៀតថា នៅក្នុងការប្រគំតន្រ្តីនេះ កញ្ញា ព្រមទាំងក្រុមសិល្បករ នឹងលើកឡើងនូវបទចម្រៀង ដែលប្រគំភ្លេងដោយឧបករណ៍តន្រ្តីខ្មែរ គឺស្គរ និង ចាប៉ីដងវែង ហើយកាន់តែអស្ចារ្យនោះ ចាប៉ីដងវែង ក៏ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិពិភពលោក រួចមកហើយផងដែរ។ ដូច្នេះ នេះជាឱកាសដ៏វិសេសវិសាល និងមោទនភាពជាតិមួយ ដែលចាប៉ីដងវែងរបស់ខ្មែរ អាចបង្ហាញខ្លួន និងសំឡេង អមជាមួយនឹងក្រុមតន្រ្តីបរទេស។

ជាចុងបញ្ចប់ លោកឧកញ៉ា គង់ នួន ព្រមទាំង កញ្ញា ចម្រើន សុភ័ក្រ្ត បានធ្វើការគោរពអញ្ជើញ និងអំពាវនាវឲ្យមានការគាំទ្រ និងទិញសំបុត្រចូលរួមទស្សនាការប្រគំតន្ត្រីនេះ ឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌ជួយសង្រោះដល់ជីវិតកុមារកម្ពុជារាប់លាននាក់ដែលកំពុងតែរងគ្រោះ។ ចំពោះសំបុត្រមានដាក់លក់ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះតទៅ នៅគ្រប់សាខានៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក្នុងទីក្រុងភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប និងនៅ Monument Books សាខាព្រះនរោត្ដម។ ចំពោះតម្លៃសំបុត្រគឺ ៣៥ ដុល្លាសហរដ្ឋអាមេរិច ក្នុងមួយសន្លឹក។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ៖ ០១៧ ២២២ ៥៣២ / ០១៧ ៣៣៣ ៥០៣។